ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ ១៨ឆ្នាំ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។ ប្រភពដដែល ក៏បានឱ្យដឹងដែរថា កិច្ចប្រជុំនេះ ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំដើម្បីទិញឧបករណ៍តេស្ដរហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាមីក្រសួងស្ថាប័ន។ ស្នើដល់រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងស មត្ថភាពការធ្វើចត្តាឡីស័ក ចំពោះពលករនិងប្រជាពលរដ្ឋ ដែលឆ្លងដែនចូលកម្ពុជាឱ្យបានម៉ត់ចត់ ដើ ម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍ និងស្នើដល់គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ក្រៅពីនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក៏បានពិភាក្សាលើ
១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ផងដែរ៕