បាល់ទាត់៖ ទីបំផុតក្រុមតោកំណាចអង់គ្លេសបានបញ្ចប់ការទន្ទឹងរង់ចាំ ៥៥ឆ្នាំនៃការឈានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំៗ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦១ឆ្នាំនៃពានបាល់ទាត់អឺរ៉ុបក្រោយជ័យជំនះលើដាណឺម៉ាកយប់មិញ។
ក្រោមក្រសែភ្នែកទស្សនិកជន ៦៦០០០នាក់នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ ក្រុមរបស់លោក Gareth Southgate ត្រូវបានដាណឺម៉ាកនាំមុខមុនដោយនៅនាទីទី៣០ ដោយបាល់ Freekick របស់ Mikkel Damsgaard។ តែនាទីទី៣៩ កីឡាករប្រធានក្រុមដាណឺម៉ាក Simon Kjaer ធ្វើឱ្យមានកំហុសចូលទីនៅពេលដែល Saka បញ្ជួនបាល់ឱ្យ Sterling ស៊ុត។ តង់ទី២ គ្មានក្រុមណាស៊ុតបញ្ចូលទីគ្នាទេ ទោះបីអង់គ្លេសដាក់សម្ពាធ និងគ្រប់គ្រងបាល់បានច្រើនក៏ដោយ។ ម៉ោងបន្ថែម ១៥នាទីពីរដង (AET) នាទីទី១០៤ កីឡាករ Harry Kane ស៊ុតគ្រាប់ជ័យជំនះឱ្យអង់គ្លេស បន្ទាប់ពីការស៊ុតបាល់ពិន័យយ ១១ម៉ែត្រត្រូវទះចេញដោយអ្នកចាំទីដាណឺម៉ាក។
ជ័យជំនះនេះធ្វើឱ្យអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ ជើងឯកទ្វីបអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ ហើយក៏ជាការឈានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំលើកដំបូងដែរ បន្ទាប់ពីខកខានតាំងពីឆ្នាំ១៩៦៦ ដែលឈ្នះជើងឯកពិភពលោកលើទឹកដីខ្លួនឯង។ អង់គ្លេសនឹងត្រូវជួបជាមួយអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នេះដដែលនៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១២ ខែកក្កដាចុងសប្តាហ៍នេះ៕