កំពង់ធំ ៖ ថ្ងៃនេះ កាលពី៤ឆ្នាំមុន គឺជាថ្ងៃដែលប្រជាជាតិខ្មែរអបអរសាទរ និងមានមោទនភាពបំផុត ដែល រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការសម្រេចដាក់បញ្ចូលក្រុមប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាតំបន់ប្រវត្តិសាស្រ្តទី៣ហើយដែលបានដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។ តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីនៃអាណាចក្រចេនឡា ដែលមានឈ្មោះថា ឦសានបុរៈ នាសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាព្រាហ្មណ៍សម្រាប់ឧទ្ទិសថ្វាយដល់ព្រះសិវៈ។ អតីតរាជធានីនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១នាពីស.វ ទី ៧។
បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ មានចំងាយប្រមាណ២៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ស្ថិតនៅតាមបណ្ដោយស្ទឹងសែន។ ជាប្រភេទ រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើង លើវាលទំនាបដែលមានទំហំ ៣០០០ហិកតា។
ដោយសារសង្គ្រាមរាំងជល់ ក្រុមប្រាសាទនេះត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ ១៩៧១ និងត្រូវ រៀបចំឡើងវិញនៅឆ្នាំ ១៩៨០។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញ និងចុះបញ្ជីប្រាសាទ និងរចនា សម្ព័ន្ធសំណង់ប្រាសាទចំនួន ២៩១ និងត្រូវបានចែកចេញជា៤ក្រុមធំៗគឺ ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្ដាល ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទរបងរមាស។
ចាប់តាំងពីដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកមក បានប្រែ ក្លាយទីនេះទៅជាទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះមួយប្រចាំខេត្តកំពង់ធំ។ ក្រៅពីការទស្សនាភ្ញៀវ ទេសចរចម្រុះជាតិសាសន៍ក៏បានមកសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ និងប្រវត្តិសាស្រ្តនៅទីនេះ ដែលធ្វើឱ្យប្រាង្គប្រាសាទលែងឯកា និងស្ងាត់ជ្រងំដូចមុនទៀតឡើយ។
ជាង៤០ឆ្នាំមកនេះ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យប្រទេសជាតិមានសេចក្ដីសុខក្សេមក្សាន្តពេញ បរិបូរណ៌ ហើយកត្តាសន្តិភាពនេះក៏ជាបុព្វហេតុ ជួយលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិក៏ដូចជាការ ការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្សដូចសព្វថ្ងៃនេះ៕