ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រថយន្តចំនួន ១៤៣គ្រឿង រក្សាទុករយះពេល មួយឆ្នាំ ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត។
រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងព្រះរាជាណាចក្រកម្ពុជា។
គួរម្លឹកផងដែរថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងមកថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។
ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមានអ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយព្រោះរថយន្តដឹកលើសទាំនោះធ្វើឱ្យខូចផ្លូវដូចគ្នា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់រោងចក្រ ស៊ីម៉ង់ត៍ ដូចជា រោចចក្រ ស៊ីម៉ង់ត៍ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។ ដូចនេះ សូមម្ចាស់រោងចក្រស៊ីម៉ង់ត៍ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់គោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ ៕