(ប្រេស៉ីឡា)៖ ទីក្រុងនានានៅទូទាំងប្រទេសប្រេស៉ីល បានរួមគ្នាប្រកាសបដិសេធ ចំពោះការចោទប្រកាន់ពីសំណាក់សារព័ត៌មានមួយថា ពួកគេបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 AstraZeneca «ដែលបានផុតកំណត់ ឬខូចគុណភាព» យ៉ាងហោចណាស់ ២៦,០០០ដូសជូនដល់ប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
ទីក្រុង ម៉ារីងហ្គា (Maringá) ភាគខាងត្បូងនៃប្រទេសប្រេស៉ីល ដែលត្រូវបានសារព័ត៌មាន ហ្វូលហា ដឺ សៅប៉ូឡូ (Folha de S.Paulo) ចុះផ្សាយបែបចោទប្រកាន់ថា ជាទីក្រុងដែលបានប្រើប្រាស់ «វ៉ាក់សាំងហួសកាលកំណត់ប្រើប្រាស់» ច្រើនជាង ៣,៥០០ដូស បានបដិសេធចំពោះការចោទប្រកាន់បែបនេះ ហើយបានបកស្រាយវិញថា វ៉ាក់សាំងទាំងនេះត្រូវបានយល់ច្រលំថា «ផុតកំណត់» នៅក្នុងមូលដ្ឋានទិន្នន័យសាធារណៈ ដោយសារតែការពន្យារពេល ក្នុងការចុះឈ្មោះទិន្នន័យថ្មី នៅក្នុងប្រព័ន្ធក្រសួងសុខាភិបាលតែប៉ុណ្ណោះ។
ប្រធានមន្ទីរសុខាភិបាលប្រចាំទីក្រុង Maringá លោក ម៉ាសេឡូ ផឹសហ្ស៊ី (Marcelo Puzzi) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មិនមានការចាក់វ៉ាក់សាំងដែលផុតកំណត់ទេ ប៉ុន្តែវាមានកំហុសនៅក្នុងប្រព័ន្ធ (កំណត់កាលបរិច្ឆេទ) នៃក្រសួងសុខាភិបាល»។ រដ្ឋបាលទីក្រុង សៅប៉ូឡូ (Sao Paulo), ជូស ដឺ ហ្វូរ៉ា (Juiz de Fora), និង ប៊េឡូ ហូរីសហ្សុនតេ (Belo Horizonte) ដែលត្រូវបានចោទប្រកាន់ដោយសារព័ត៌មាន Folha de S.Paulo ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះការចោទប្រកាន់នេះដូចគ្នាដែរ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានខាងលើ វ៉ាក់សាំងដែលផុតកំណត់ គឺជាវ៉ាក់សាំងដែលនាំចូលពីប្រទេសឥណ្ឌា ដោយវិទ្យាស្ថានជីវសាស្ត្រប្រេស៉ីល ហ្វៃអូគ្រូស (Fiocruz) ឬទទួលបានតាមរយៈ អង្គការសុខភាពអាមេរិកាំង PAHO។ ប៉ុន្តែទាំងក្រសួងសុខាភិបាល វិទ្យាស្ថាន Fiocruz និងអង្គការ PAHO មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ វិទ្យាស្ថានសេរឹមនៃប្រទេសឥណ្ឌា (Serum Institute of India) ដែលបានផលិតវ៉ាក់សាំងទាំងនេះ ក៏មិនបានឆ្លើយតបភ្លាមៗដែរ៕