WHO៖ អង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លងជំងឺ COVID-19 បានហក់ឡើង ១០% ក្នុងមួយសប្ដាហ៍នៅសហភាពអឺរ៉ុប បន្ទាប់ពីការស្រុតចុះរយៈពេល ២ខែ និងការប្រឈមនឹងរលកនៃការឆ្លងថ្មីដែលកំពុងកើនឡើង។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បាននិយាយថា ការប្រឈមថ្មីនេះបង្កឡើងដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ ការឆ្លងវីរុសបម្លែងខ្លួនថ្មី និងសកម្មភាពសង្គមចេះតែកើនឡើង។ វាក៏បង្កឲ្យមានគ្រោះថ្នាក់ផងដែរ ដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2020 អាចជាមេចម្លងដ៏ធំបំផុត។ ក្រុមអ្នកគាំទ្ររាប់រយនាក់ដែលត្រឡប់មកពីទីក្រុងឡុងដ៍ និងសេនភីធ័រស្ប៊កបានធ្វើតេស្តវិជ្ជមាន។
មន្ត្រីផ្នែកគ្រាអាសន្នសុខភាពសាធារណៈជាន់ខ្ពស់ របស់អង្គការសុខភាពពិភពលោក លោកស្រី Catherine Smallwood បានអំពាវនាវដល់ទីក្រុងនានាដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ចាត់វិធានការឲ្យបានហ្មត់ចត់បន្ថែមទៀត ដើម្បីតាមដានសកម្មភាពរបស់ក្រុមអ្នកគាំទ្រ។ វីរុសបម្លែងខ្លួនថ្មីដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ត្រូវគេមើលឃើញថា ជាការគំរាមកំហែងធំបំផុតដល់ប្រទេសជាច្រើននៅអឺរ៉ុប៕