(ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងតែងតាំងដោយព្រះមហាក្សត្រ បានចូលកាន់តំណែងប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាផ្លូវការហេីយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
ពិធីប្រកាសឱ្យចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាទីស្តីការ គ.ជ.ប។
ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីត្រូវបានគណបក្សប្រជាជនជាគណបក្សដឹកនាំរាជរដ្ឋាភិបាលជ្រេីសរេីសជាបេក្ខជន ទៅតាមនីតិវិធីច្បាប់។
ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។
សូមបញ្ជាក់ថា ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព ឯកឧត្តមស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕