(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ បេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ដែលត្រូវជំនួសតំណែង លោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។
សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ប្រមាណ៨២រូប រួមទាំងតំណាងរាជរដ្ឋាភិបាលដែលពាក់ព័ន្ធជាច្រើនផងដែរ។ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនឹងកិច្ចប្រជុំពេញអង្គនេះទាំងអស់ ត្រូវបានធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ មួយថ្ងៃមុនចូលរួមកិច្ចប្រជុំពេញអង្គ ដើម្បីធានាសុវត្ថិភាពពីការរាតត្បាត។
ក្រៅពីរបៀបវារៈខាងលើ រដ្ឋសភាក៏ពិភាក្សា និងអនុម័តអនុម័តរបៀបវារៈមួយចំនួនទៀត ដូចជា៖
* ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។
* របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦។
* ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួន២រូប ជំនួសសមាជិកដែលបានលាលែង ដែលមានលោក ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស លោក ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងលោក ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំជំនួស លោក ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតជ្រើសតំាង លោកស្រី ពៅ សុភាព
ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុងផងដែរ៕