ភ្នំពេញ ៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនមន្ត្រី បុគ្គលិកស៊ីម៉ាក់ចំនួន១.៧៧៣នាក់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)។
ព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានេះ រួមមាន ៖ មុខ១ ភួយ១ សារុង១ ក្រម៉ា១ មីមួយកេះ ត្រីខ ម៉ាស់ និងថវិកាចំនួន២០ម៉ឺនរៀលក្នុងម្នាក់។
ថ្លែងនៅក្នុងពិធីផ្តល់ព្រះរាជអំណោយនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានថ្លែងថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ នៃយើងនេះ គឺដើម្បីជួយសម្រាលការលំបាករបស់បងប្អូនដែលកំពុងបំរើការនៅអង្គភាពស៊ីម៉ាក់ និងលើកទឹកចិត្តដល់បងប្អូន ក្នុងគ្រាដែលជួបនូវវិបត្តិមេរោគកូវីដ-១៩។
ជាមួយគ្នានេះដែរ សម្តេច គង់ សំអុល មានប្រសាសន៍ទៀតថា ព្រះរាជហឫទ័យ សណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយ សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋាន ភូមិឃុំទាំងមូលជាដើមនោះ។
ក្នុងឱកាសដ៏ប្រសើរនោះ សម្តេច គង់ សំអុល បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឫទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលកំពុងបំរើការជួនដល់ប្រទេសជាតិនេះផងដែរ៕