(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
លើសពីនោះទៀត លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិ សម្រាប់សាលារដ្ឋ និងសាលាឯកជន ដែលមិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯងដូចតទៅ៖
* សម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺ ១៥ វិច្ឆិកា ២០២១៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រលង។
* មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់។
* សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ០៦ ធ្នូ ២០២១៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុប ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។
ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប នៅតាមសាលាឯកជនរៀងៗខ្លួន ដូចតទៅ៖
* សម័យប្រឡងឌីប្លូមសាលាឯកជន គឺ១១ តុលា ២០២១៖ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ដើម្បីពិនិត្យនិងសម្រេច។
* សម័យប្រឡងបាក់ឌុបសាលាឯកជន គឺ ២៥ តុលា ២០២១៖ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង ដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដើម្បីពិនិត្យ និងសម្រេច។
បន្ថែមពីនោះទៀត លោក រស់ សុវាចា បានបញ្ជាក់ថា ក្នុងករណីសាលាឯកជន មិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្ស នៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕