(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវចំនួន៤ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ដែលធ្វើឡើងក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ៗ»។
តាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យបានយល់អំពីសារសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
ជាមួួយនឹងការប្រារព្ធពិធីនេះតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ឱ្យបន្តចូលរួមអនុវត្តដូចទៅ៖
១៖ បន្តការគាំទ្រក្នុងការអនុវត្តគោលនយោបាលជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២១ ក្នុងការអភិវឌ្ឈធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដោយក្នុងដំណាក់កាលនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនទ្បាញ និងបត់បែនតាមស្ថានភាពជាក់ស្តែង។
២៖ បន្តជំរុញលើទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈ ដូចដែលប្រធានបទនៃទិវាជាតិនេះបានលើកទ្បើង «TVET ធ្វើឱ្យជំនាញកាន់តេប្រសើរ និងប្រាក់ចំណូលខ្ពស់»។
៣៖ គ្រប់ស្ថាននីយ៍វិទ្យុ ទូរទូស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងនូវសារសំខាន់នៃវិស័យនេះជូនសាធារណជន។
៤៖ ក្រសួងស្ថានប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្សនិស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឈ និងជនរួមជាតិទាំងអស់ ចូលរូមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកតេស និងវិជ្ជាជីវៈ លើកតី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «ធ្វើឱ្យជំនាញកាន់តេប្រសើរ និងប្រាក់ចំណូលខ្ពស់» នេះឱ្យបានផុលផុសឱទ្បារិកអធិកអធមទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា៕