(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបទរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខណ្ឌចំនួន០៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបណ្តាថ្នាក់ដឹកនាំចម្រុះក្រសួងការពារជាតិផងដែរ។
សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដែលរៀបចំដោយក្រសួងការពារជាតិ បានធ្វើឡើង ចាប់ពីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។
តាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៤១,៥៥០នាក់៕