ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ គ្រោងនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំឃាំងនៅតាមពន្ធនាគារដែលកំពុងប្រឈម នឹងការឆ្លងជំងឺកូវីដ-១៩ ខ្ពស់ ដូចជានៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់នៅថ្ងៃនេះថា ក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ៦ ពាន់ដូសដល់អគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់ចាក់ជូនដល់អ្នកកំពុងជាប់ឃុំនៅតាមពន្ធនាគារដែលកំពុងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ ដូចជាអ្នកជាប់ឃុំនៅពន្ធនាគារនៅខេត្តកណ្តាល និងពន្ធនាគារនៅខេត្តកំពង់ស្ពឺ ជាដើម។
បើតាមអ្នកនាំពាក្យដដែល សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគារក្នុងខេត្តព្រះសីហនុ ដែលជាកន្លែងមានហានិភ័យខ្ពស់ដែរនោះ អគ្គនាយកដ្ឋានពន្ធនាគារ បានដំណើរការចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំនូវដូសទី ១ រួចហើយ ដោយនៅពេលនេះ កំពុងតែដំណើរការចាក់ដូសទី ២។
ជាមួយគ្នានេះ លោក នុត សវនា នៅមិនទាន់អាចបញ្ជាក់ពីទិន្នន័យច្បាស់នៃចំនួនអ្នកទោសនៅពន្ធនាគារដែលឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសបាននោះទេ តែយ៉ាងណាលោក អះអាងថា ស្ថានភាពនៃការឆ្លងជំងឺកូវីដនៅពន្ធនាគារមកដល់ពេលនេះ មានការថមថយខ្លាំង និងអាចគ្រប់គ្រងបាន៕