ភ្នំពេញ ៖ មានរោងចក្រចំនួន១០បន្ថែមទៀង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្អាកបណ្តោះអាសន្ន ក្រោយមានការឆ្លងជំងឺកូវីដ-១៩ ។ គិតរហូតមកទល់ពេលនេះ មានរោងចក្រចំនួន ១៧រោងចក្រ បានប្រកាសផ្អាកបណ្តោះអាសន្ន ហើយកម្មករនិយោជិតដែលរកឃើញវិជ្ជមានកូវីដ-១៩ សរុបចំនួនជាង៥០០នាក់។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២១នេះថា រោងចក្រចំនួន១០ ដែលជាប់ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣។ លោក បន្តថា តាមការសាកសួរព័ត៌មាននានា និងតាមការវាយតម្លៃសន្និដ្ឋាន ការឆ្លងជំងឺនេះ គឺមានច្រើនសណ្ឋាន ដូចជា ជួនកាលឆ្លងពីខេត្តក៏មាន ពីក្នុងសហព័ន្ធរស់នៅក៏មាន ជួនកាលឆ្លងដែលកើតចេញពីរោងចក្រផ្ទាល់ក៏មាន។
ទាក់ទងនឹងរោងចក្របិទបណ្តោះអាសន្ន និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនេះ លោកបានបញ្ជាក់ថា ក្នុងករណីរោងចក្រណា មិនចូលរួមអនុវត្ត ឬគោរពតាមគោលការវិធានការសុខាភិបាល ដែលនាំឲ្យផ្ទុះការឆ្លងរាលដាលកូវីដ-១៩ឡើងវិញ រោងចក្រទាំងនោះ នឹងប្រឈមការបិទ ឬឈានដល់ការដកអាជ្ញាប័ណ្ណក៏មាន ដែលយោងតាមស្ថានភាពជាក់ស្តែងពីការពិនិត្យ និងវាយតម្លៃរបស់អាជ្ញាធរមានសមត្ថកិច្ច។
លោកអភិបាលខណ្ឌ បានបន្ថែមថា គ្រប់រោងចក្រទាំងអស់ដែលជាប់ពាក់ព័ន្ធកូវីដ-១៩ ដែលមានសិទ្ធិបើកដំណើរការអាជីវកម្មវិញ បន្ទាប់ពីផ្អាកបណ្តោះអាសន្នរយៈពេល ត្រូវរងចាំការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញរបស់អាជ្ញាធរដែនដី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងរោងចក្រផ្ទាល់សិន ទើបអនុញ្ញាតឲ្យដំណើរការធម្មតាវិញបាន៕