(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានប្រកាសនៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះថា ខ្លួនបានពិនិត្យរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី B1617 ដែលមានប្រភពដើមពីឥណ្ឌាចំនួន ០២ករណីដំបូង ខណៈអង្គការសុខភាពពិភពលោក (WHO) ទើបតែបានប្រកាសចាត់ទុកថា វីរុសបំប្លែងថ្មីមួយនេះ ជាវីរុសបង្កក្តីព្រួយបារម្ភខ្លាំងជាសកល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
អាជ្ញាធរសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា អ្នកផ្ទុកវីរុស COVID-19 បំប្លែងថ្មីទាំងពីរនាក់ខាងលើនេះ គឺសុទ្ធសឹងជាជនជាតិហ្វីលីពីន ដោយម្នាក់បានធ្វើដំណើរត្រឡប់មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងម្នាក់ទៀតមកពីប្រទេសអូម៉ង់ កាលពីអំឡុងខែមេសាកន្លងទៅនេះ។ ពួកគេទាំងពីរនាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្រោយការត្រលប់មកវិញភ្លាមៗ ហើយក្រោយមកទើបត្រូវបានធ្វើតេស្ត រកឃើញវីរុសបំប្លែងថ្មីមានប្រភពដើមពីឥណ្ឌានោះតែម្តង។
គួរបញ្ជាក់ថា ដើម្បីទប់ទល់នឹងវីរុស COVID-19 បំប្លែងថ្មី ប្រទេសហ្វីលីពីនកន្លងមកនេះ បានសម្រេចហាមឃាត់អ្នកដំណើរ ជាបណ្តោះអាសន្នមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា នេប៉ាល់ និងបង់ក្លាដែស។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ១,១០៨,៨២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៨,៥៦២នាក់ និងជាសះស្បើយវិញ ១,០៣០,៣៦៧នាក់៕