(ម៉ាឌ្រីដ)៖ ៣ពិន្ទុក្នុងដីដើម្បីជួយ Real Madrid ឡើងឈរនៅតំណែងកំពូលតារាង La Liga ត្រូវបានផុតរលត់វិញ នៅបេលបញ្ចប់លទ្ធផលស្មើគ្នា ២-២ ទល់នឹង Sevilla នៅរំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។
Real ដែលទើបជ្រុះចេញពី UEFA Champions League ដោយសារ Chelsea ពីក្នុងវគ្គ ៤ក្រុមចុងក្រោយនោះ បានភ្លាត់ស្នៀតឲ្យក្រុមភ្ញៀវ Sevilla បើកការនាំមុខ ១គ្រាប់មុននៅនាទី២២ ពីការធ្វើបានសម្រេចដោយកីឡាករ Reges នៅមុនពេល Marco Asensio ធ្វើបានគ្រាប់តាមស្មើវិញនៅនាទី៦៧ ពីការបញ្ជូនរបស់ Toni Kroos។
តែយ៉ាងណាក្រុមរបស់លោក Zinedine Zidane បានបន្តរបូតគ្រាប់ទី២ ទៀតដោយបាល់ ១១ម៉ែត្រស៊ុតបានសម្រេចដោយអតីតខ្សែបម្រើ FC Barcelona, Ivan Rakitic ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Alfredo Di Stefano ដែល Eden Hazard ជាអ្នកសម្រេចគ្រាប់តាមស្មើ ២-២ មកវិញនៅនាទី៩០+៤។
ក្រុមការពារតំណែងជើងឯក Real Madrid បានត្រឹមផ្លោះពីចំណាត់ថ្នាក់លេខ៣ មកឈរលេខ២ បណ្តោះអាសន្នវិញ ដោយមាន ៧៥ពិន្ទុចាញ់ក្រុមកំពូលតារាង Atletico Madrid ដែលលេងស្មើ ០-០ ទល់នឹង Barcelona ០-០ កាលពីថ្ងៃសៅរ៍មកនៅត្រឹម ២ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៥ ជើងទី២។
Sevilla ដែលកំពុងឈរនៅលេខ៤ នោះ មានគម្លាតតែ ៤ពិន្ទុទេពីក្រុមលេខ៣ Barcelona និងចាញ់ក្រុមកំពូលតារាង La Liga ៦ពិន្ទុ៕