(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំពោះករណីបុរសម្នាក់ដៃកាន់សត្វ «កេងកង» ស្លាប់ ដែលជាប្រភេទសត្វកម្រ កំពុងល្បីលើបណ្តាញសង្គមនោះ មន្ត្រីជំនាញកំពុងស្រាវជ្រាវ រកអត្តសញ្ញាណបុគ្គលនេះ ដើម្បីយកអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនបែបនេះបន្តទៅទៀត។
បន្ទាប់ពីរូបភាពនេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម គេសង្កេតឃើញមានអ្នកលេងជាច្រើន នាំគ្នារិះគន់ លើបុរសម្នាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីឃើញថតមួយ សន្លឹករបស់បុរសនោះ ដៃម្ខាងមានកាន់កាំភ្លើងវែងមួយដើម ហើយដៃម្ខាងទៀត គឺកាន់សត្វ «កេងកង» ដែលបានងាប់បាត់ទៅហើយ ព្រមទាំងបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីឃើញសត្វកេងកងនេះ ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណរូបនោះ បាញ់សម្លាប់។
ទោះបីយ៉ាងណាគេសង្កេតឃើញថា កន្លងទៅ នៅពេលដែលមានរូបភាពមួយចំនួនដែលបានចែកចាយក្នុងបណ្តាញសង្គម អំពីការបាញ់ ឬសំលាប់សត្វកម្រ មិនយូរទេ បុគ្គលដែលបានសំលាប់ ឬធ្វើទង្វើមិនគួរគប្បីទៅលើសត្វកម្រដែលគេកំពុងប្រឹងប្រែងអភិរក្ស យកមកណែនាំ និងធ្វើកិច្ចសន្យា ដើម្បីបញ្ឃប់រាល់ទង្វើបែបនេះតទៅទៀត នៅថ្ងៃក្រោយ។ សត្វ «កេងកង» គឺជាបក្សីដ៏កម្រ និងប្រឈមការផុតពូជ នៅលើពិភពលោក។
គួរជម្រាបថា សត្វ «កេងកង» គឺជាប្រភេទបក្សីមួយ ប្រភេទដែលនៅតែបន្តមានវត្តមាន និងដែនជម្រក នៅក្នុងប្រទេសម្ពុជានៅឡើយ រហូតមកដល់ពេលនេះ ប៉ុន្តែចំនួនរបស់វា នៅតែមិនទាន់មានការ សិក្សាលម្អិតឡើយ។
យោងតាមឯកសាររបស់អង្គការសង្គមអភិរក្សសត្វព្រៃសត្វបក្សីប្រភេទនេះ ត្រូវបានគេដឹងថា គឺត្រូវបានកត់ត្រាថា វាមានដែនជម្រក នៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៩៦៤ ហើយមកដល់ បច្ចុប្បន្ននេះ ទោះបីជានៅមិនទាន់មានការសិក្សាស៊ីជម្រៅពីវាដូចជាពពួកសត្វ ត្មាត សត្វក្ង ចង្កំកស និងសត្វក្រៀល តែគេនៅតែដឹង និងឃើញអំពីវត្តមានរបស់វា នៅកម្ពុជានៅឡើយ។
ឯកសារនោះ បានឱ្យដឹងថា សត្វបក្សីប្រភេទនេះ ត្រូវបានគេសន្និដ្ឋានថា មាននៅបណ្តាភ្នំ នៅភូមិភាគនិរតី នៃប្រទេស និងបានឃើញវត្តមានខ្លះៗ នៅព្រៃស្ថិតនៅភូមិភាគឦសាន្ត ជាពិសេសគឺខេត្តមណ្ឌលគិរី។
បើទោះបីជាបក្សីប្រភេទនេះ នៅមានវត្តមាននៅកម្ពុជា ប៉ុន្តែវាគឺជាបក្សីនៅតែមានព័ត៌មានតិចតួច។ វត្តមានរបស់វាត្រូវបានកត់ត្រា នៅក្នុងការសិក្សា អំពីជីវចម្រុះនានា ជាញឹកញាប់គ្រាន់តែគ្មាន ឯកសារដែលនិយាយចំអំពីជីវសាស្ត្រ និងចំនួនរបស់ពួកវា នៅក្នុងប្រទេសដដែល។
នៅក្នុងអំឡុងពេលធ្វើការអង្កេតមួយ នៅតំបន់ព្រៃការពារស្នូលគេ ក៏បានប្រទះឃើញវត្តមានរបស់វាផងដែរ ជាពិសេស គឺតំបន់ដែលមានព្រំប្រទល់ ជាប់នឹងព្រំដែនវៀតណាម ដោយទីនោះគេបានរកឃើញមានសំបុករបស់វាមួយចំនួន។
សត្វ «កេងកង» គឺជាបក្សីដែលចូលចិត្តរស់នៅ និងមានសំបុកពងកូននៅព្រៃដែលមានដើមឈើធំៗ និងជាប្រភេទបក្សីស៊ីផ្លែឈើធំៗជាអាហារ។ ក្រៅពីកម្ពុជាវា គឺជាបក្សីដែលរស់នៅក្នុងព្រៃ នៃតំបន់ត្រូពិកនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ វាកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ នៅប្រទេសឡាវ និងនៅប្រទេសថៃ។ រហូតមកដល់ពេលនេះវា គឺជាបក្សីមានបង្គួរដោយសារតែការបាត់បង់ ដែនជម្រក បណ្តាលមកពីការបាត់បង់ព្រៃឈើ និងការប្រមាញ់ខុសច្បាប់នានា៕