(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,៧០១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,១៨០,៤៤១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩១,០៦២នាក់ និងជាសះស្បើយឡើងសរុប ២៥,៨២៣,៨០០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣១លាននាក់។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) កាលពីសប្តាហ៍មុននេះបានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស ធ្វើសកម្មភាពនៅខាងក្រៅដូចជា «ដើរលេង ឬហាត់ប្រាណ» ដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវពួកគេត្រូវបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំដដែល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប២៤៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៤៦.២៤លាននាក់ (៤៤.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១០៣.៤២លាននាក់ (៣១.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕