(អូតាវ៉ា)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង ខេនស៊ីណូ (CanSino Biologics Inc) របស់ប្រទេសចិន កំពុងតែសហការជាមួយអង្គការស្រាវជ្រាវ NRC របស់ប្រទេសកាណាដា ដើម្បីឆ្ពោះទៅរកការធ្វើតេស្តនិងផលិតវ៉ាក់សាំង COVID-19 នៅកាណាដា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
អង្គការ NRC ដែលមានតួនាទីត្រួតពិនិត្យសុវត្ថិភាពផ្នែកឱសថ របស់ប្រទេសកាណាដាបានឲ្យដឹងថា ខ្លួននឹងជួយសម្រួលដល់គម្រោងផលិត វ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino នៅឯទីតាំងមួយរបស់រដ្ឋាភិបាលកាណាដា ក្នុងទីក្រុង ម៉ុងត្រេអាល់ (Montreal) ហើយក្រុមហ៊ុន CanSino កំពុងតែរៀបចំស្នើសុំក្រសួងសុខាភិបាលកាណាដា សម្រាប់ការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន នៅក្នុងប្រទេសកាណាដា។
បើតាមអង្គការ NRC វ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino កំពុងតែស្ថិតនៅដំណាក់កាលដំបូងនៃការធ្វើតេស្ត ហើយគ្មាននរណាអាចធានាថា វានឹងមានប្រសិទ្ធភាព ក៏ដូចជាសុវត្ថិភាពមួយរយភាគរយដែរ ឬក៏អត់ឡើយ។ ប៉ុន្តែប្រសិនបើជោគជ័យ កិច្ចសហការគ្នានេះអាចជួយធានាបានថា ប្រជាជនកាណាដានឹងទទួលបានវ៉ាក់សាំងនេះ ដោយទិន្នន័យនៃការធ្វើតេស្តនៅក្នុងប្រទេសផ្ទាល់ អាចជួយឲ្យក្រសួងសុខាភិបាល កាណាដាកាន់តែទុកចិត្តថា វាពិតជាមានសុវត្ថិភាព ហើយការផលិតនៅកាណាដាផ្ទាល់ធានាថា ពេលត្រូវការគឺមានភ្លាមៗនៅក្បែរខ្លួន។
គួរជម្រាបថា វ៉ាក់សាំងដែលជួយការពារយើងពី COVID-19 នឹងអាចបញ្ចប់ការរាតត្បាតនៃជំងឺនេះ ប៉ុន្តែការស្វែងរកវ៉ាក់សាំងមួយ ដែលមានប្រសិទ្ធភាពព្រមទាំងសុវត្ថិភាព រួមនិងការផលិតឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការនោះ គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ដោយឡែក សម្រាប់ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសកាណាដាវិញ នាពេលនេះគឺមានសរុប ៧១,១៥៧ករណី ក្នុងនោះស្លាប់ ៥,១៦៩នាក់ និងជាសះស្បើយចំនួន ៣១,៩៤៦នាក់៕