(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។
ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video Conference ក្រោមវត្តមានលោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំង អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានថ្លែងថា ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីកំណត់ឱ្យបានច្បាស់លាស់ពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ងាយស្រួលគ្រប់គ្រង និងអនុវត្តការងារទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឱ្យបានល្អបន្ថែមទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្ដី លោក ឃួង ស្រេង បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរទាំងអស់អនុវត្តការងារខាងលើនេះ កុំឱ្យលើស និងកុំឱ្យខ្វះ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ទទួលបានជោគជ័យ។
លោក កើត រិទ្ធ បានថ្លែងថា យើងមានគោលដៅ២ ដែលត្រូវអនុវត្ត រួមមាន៖
ទី១៖ ស្វែងយល់ឲ្យបានច្បាស់លាស់បន្ថែមពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្តឲ្យចំគោលដៅ មិនលើស មិនខ្វះ និងទទួលបានជោគជ័យ
ទី២៖ ការផ្សាយផ្សាយប្រជាពលរដ្ឋឱ្យបានយល់ ពីអ្វីដែលពួកគាត់ត្រូវអនុវត្ត អ្វីដែលពួកគាត់គួរធ្វើនិងមិនគួរធ្វើ លើតំបន់៣ពណ៌ ដែលបានកំណត់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
លោក កើតរិទ្ធ ក្នុងឱកាសនោះក៏បានសម្តែងការកោតសរសើរចំពោះកងកម្លាំងនិងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ ឃើញថា កម្លាំង និងអាជ្ញាធរបានប្រឹងប្រែងខ្លាំងណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលបានធ្វើឱ្យការងារនេះ ដំណើរការទៅដោយរលូន និងជោគជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ៕