(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្រោយមានការពាក់ព័ន្ធអ្នកកើតកូវីដ១៩។
ក្នុងសេចក្ដីជូនដំណឹងដែលបាន បញ្ជាក់ថា ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារនេះ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅយកសំណាក់តេស្ដរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅទីតាំងទល់មុខការដ្ឋានសាងសង់ ផ្សារក្រុមហ៊ុនប៉េងហួត ស្ថិតនៅខាងជើងផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕