(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែល ទទួលបាននៅថ្ងៃនេះ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២១ ដូចខាងក្រោម ៖
១៖ បាតុភូតសកល៖
ផ្អែកទៅលើស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក តំបន់ជួរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត ( Neutral ) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។
ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២១ (រយៈពេល៥ខែ) បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើកម្ពុជា មានបាតុភូត Neutral មាន៦០% បាតុភូត El Nino មាន ១០ % និងបាតុភូត La Nina មាន៣០%។
២៖ រដូវវស្សាឆ្នាំ២០២១៖
ក៖ ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ ២០២១ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅច្រើនបង្គួរ នឹងអាចខ្ពស់ជាងមធ្យម ភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន។
ខ៖ ពាក់កណ្តាលរដូវវស្សា៖ ចាប់ពីខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អ លើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
គ៖ ចុងរដូវវស្សា៖ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ។
៣៖ កូនរដូវប្រាំង៖ នៅក្នុងរដូវវស្សាឆ្នាំ២០២១ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ។
៤៖ ស្ថានភាពព្យុះ៖ នៅក្នុងឆ្នាំ ២០២១ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៨-៣០ ព្យុះ នៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀត កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។
យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បានជ្រាបជាព័ត៌មាន៕