ភ្នំពេញ៖ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសសន្លប់ហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងលក់បាយយីហោ“ទីរ៉ានី” នៅជាប់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាប្តីមានឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធានៅភូមិភាគ៥ ឋានៈពលបាលឯក រីឯនារីរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់ត្រង់ចង្កេះ២គ្រាប់, ពោះ១គ្រាប់, ដៃស្តាំ១គ្រាប់ លើដើមទ្រូងខាងឆ្វេង១គ្រាប់។
តាមសាក្សីនៅនិងកន្លែងកើតហេតុបានឲ្យដឹថា មុនពេលកើតហេតុគេបានឃើញ បុរសជាប្តី (ខ្មាន់កាំភ្លើង) បានបើកឡានម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ.2A-6753 មកអង្គុយផឹកស៊ីនៅក្នុងហាងលក់បាយយីហោ“ទីរ៉ានី” បានមួយសន្ទុះ ស្រាប់តែលេចមុខស្ត្រីជាប្រពន្ធ (ជនរងគ្រោះ) ជិះម៉ូតូមួយគ្រឿងពាក់ស្លាកលេខ1HJ-8167 មកឈប់ខាងមុខហាង រួចក៏ដើរចូលទៅក្នុងសំដៅទៅរកប្ដី ប៉ុន្តែមិនដឹងជាមានរឿងអ្វី ស្រាប់តែបុរសជាប្តី ខណៈកំពុងតែស្រវឹងផងនោះ បានដកកាំភ្លើងខ្លីម៉ាកK59 បាញ់ប្រហារទៅលើប្រពន្ធជាច្រើនគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រ។
បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ទៅលើប្រពន្ធរួចមក បុរសជាប្តីបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចមុខហ្គ្រែនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនតែម្តង។
ចំពោះមូលហេតុដែលឈានទៅដល់ការបាញ់ប្រហារនេះពុំទាន់មានប្រភពច្បាស់ការណ៍ណាបញ្ជាក់នៅឡើយ។
បច្ចុប្បន្ន បុរសជាប្ដីត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
០៨,០៨,២០១៩