(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៥៧៦នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងទាំង៥៧៦នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥៤៤នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តសៀមរាប ២នាក់, ខេត្តកណ្តាល ១នាក់, ខេត្តព្រះសីហនុ ១២នាក់ និងខេត្តស្វាយរៀង ១៦នាក់។
សម្រាប់អ្នកជាសះស្បើយទាំង៧០នាក់វិញ គឺជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣ ៦០៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ០៧២នាក់, អ្នកជាសះស្បើយចំនួន ១៩៨៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៥៩១នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕