(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា បានសម្រេចចិត្តលាលែងពីតំណែងគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាហើយ ដោយសារហេតុផលផ្ទាលល់ខ្លួន។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន ក្រោយលោកបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមកាលពីព្រឹកលមិញ។
អតីតគ្រូបង្វឹកក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានបញ្ជាក់ថា លោកបានដាក់សំណើសុំឈប់តាំងពីដើមខែមេសាម្ល៉េះ ដោយហេតុផលផ្ទាល់ខ្លួនសុទ្ធសាធ ពិសេសអំឡុងវិបត្តិកូវីដ-១៩ (Covid-19) ធ្វើឲ្យសកម្មភាពបាល់ទាត់ត្រូវស្ងប់ស្ងាត់ ផ្ទុយពីចំណងចំណូលចិត្តរបស់ខ្លួនក្នុងការបំពេញការងារផ្សេងៗ។
យ៉ាងណាមិញ ក្រោយសម្រេចចិត្តលាឈប់ គ្រូបង្វឹកកម្រិត A-License ខាងលើបានអះអាងថា មិនទាន់គិតពីការងារថ្មី ឬត្រូវដឹកនាំក្លិបណាឡើយ លោកផ្ដោតលើការធ្វើកម្មវិធីទូរទស្សន៍ និងសល់ពេលខ្លះ ទៅគ្រប់គ្រងហាងកាហ្វេរបស់ខ្លួន។ ចំពោះការងារបាល់ទាត់ លោកនឹងពិចារណានៅពេលណាមានសកម្មភាពបាល់ទាត់ឡើងវិញ។ លោក ភា សុភ័ក្ដ្រា បន្ថែម។
គួរបញ្ជាក់ថា លោក ភា សុភ័ក្ដ្រា ត្រូវបានតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា កាលពីដើមខែមិថុនា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda និងគ្រូបង្គោលលោក Felix G-Dalmas។ ក្នុងរយៈពេលជិត ១ឆ្នាំ លោកបានរួមចំណែកបង្កើតសមិទ្ធផលល្អៗមួយចំនួន ជាមួយក្រុមគោព្រៃកម្ពុជា ពិសេសគឺការជួយឲ្យក្រុម U-22 កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងទទួលបានលេខ៤ ជាប្រវត្តិសាស្ដ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីនតែម្ដង៕