(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ក៏ដូចជារមណីយដ្ឋាន
និងគោលដៅទេសចរណ៍ទូទាំងប្រទេស នាឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខ។
បើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ដែលទទួលបាននាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចេញសារាចរណែនាំខាងលើនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
សារាចរណែនាំនោះផ្ដោតលើចំណុចសំខាន់ៗ ៨ចំណុច រួមមានដូចខាងក្រោម៖
១៖ គ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស និងភ្ញៀវទេសចរទាំងអស់ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ ការពារ» គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព និងវិធានការ «៣ កុំ» គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅកន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា។
២៖ គ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវធ្វើការកត់ត្រាភ្ញៀវទេសចរទាំងអស់ដែលចូលកម្សាន្ត និងប្រើប្រាស់សេវានៅក្នុងកន្លែងរបស់ខ្លួន ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង។ ទន្ទឹមនឹងនេះ គ្រប់មូលដ្ឋានទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាត មុនចូលទៅក្នុងកន្លែងរបស់ខ្លួន។
៣៖ ត្រូវរៀបចំនូវការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគគ្រប់ភ្ញៀវទេសចរ និងត្រូវរៀបចំឲ្យមានអាល់កុលបាញ់សម្លាប់មេរោគ និងសម្រាប់លាងដៃឲ្យបានគ្រប់គ្រាន់ និងគ្រប់ទីកន្លែងដែលចាំបាច់ ហើយភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ស្របតាមគោលការណ៍សុខាភិបាល។
៤៖ គ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យទៅលម្ហែកម្សាន្តតែជាមួយធម្មជាតិ និងសក្តានុពលដែលមានក្នុងរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដោយមិនត្រូវរៀបចំឲ្យមានការជួបជុំចំនួនមនុស្សច្រើន និងអ៊ូរអរជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទទួលទានអាហារជុំគ្នាដែលមាននៅក្នុងរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ក៏ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១,៥ ម៉ែត្រពីគ្នា)។
៥៖ គ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ពិសេសនៅទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ត្រូវបិទផ្សាយ និងផ្សព្វផ្សាយនូវសេចក្តីសង្ខេបអំពីច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ហើយគ្រប់បុគ្គលិក ដែលបម្រើការក្នុងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ត្រូវពន្យល់ណែនាំអំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ទៅដល់ភ្ញៀវទេសចរ និងតម្រូវឲ្យភ្ញៀវទេសចរចូលរួមអនុវត្តជាកាតព្វកិច្ច។ ក្នុងករណីដែលភ្ញៀវទេសចរពុំអនុវត្តតាម ត្រូវរាយការណ៍ទៅគណៈគ្រប់គ្រង ដើម្បីមានវិធានការបន្ត។
៦៖ គ្រប់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែមានអ្នកគ្រប់គ្រងច្បាស់លាស់។ ចំពោះគោលដៅទេសចរណ៍ដែលមានលក្ខណៈសាធារណៈ និងដែលពុំទាន់មានអ្នកគ្រប់គ្រងច្បាស់លាស់ ដូចជា គោលដៅទេសចរណ៍ឆ្នេរសមុទ្រ ឆ្នេរទន្លេ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិជាដើម។ មន្ទីរទេសចរណ៍ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំឲ្យមានគណៈគ្រប់គ្រងមួយច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង អប់រំ និងណែនាំដល់ភ្ញៀវទេសចរ អនុវត្តវិធានការនានាក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩។
៧៖ ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ ជៀសវាងការបោះចោលសំរាមផ្តេសផ្តាស និងរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ ដោយរាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។
៨៖ គ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវអនុវត្តសារាចរនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសារាចរណែនាំនេះ មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕