(ញូដេលី)៖ អង្គការយូនីសេហ្វ (UNICEF) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសឥណ្ឌាអាចនឹងពន្យារពេល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដល់កម្មវិធីកូវ៉ាកស៍ (COVAX) ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល (GAVI) និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសានេះ។
UNICEF បានគូសបញ្ជាក់តាមរយៈសារអេឡិចត្រូនិច ឬ Email ថា «យើងយល់ថាការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដែលចូលរួមនៅក្នុងកម្មវិធី COVAX ទំនងជាប្រឈមនឹងការយឺតយ៉ាវ បន្ទាប់ពីមានការរអាក់រអួលពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាប័ណ្ណនាំចេញវ៉ាក់សាំងជាច្រើនដូស ដែលផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ដែលគេរំពឹងថា នឹងដឹកជញ្ជូនចេញនៅខែមីនា និងមេសានេះ»។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌល COVAX កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងគោលបំណងធានាដល់ការដឹកជញ្ជូនឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuter ប្រទេសឥណ្ឌាបានពន្យារពេលជាបណ្តោះអាសន្ន នូវរាល់ការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេបំផុតរបស់ពិភពលោក ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ខណៈការឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសមានប្រជាជន ច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ កំពុងតែកើនឡើងឡើងវិញយ៉ាងគំហុក៕