(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានណែនាំដល់ ស្នងការរាជធានី-ខេត្ត និងប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ត្រូវណែនាំបន្ដទៅមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ មិនត្រូវធ្វើការផាកពិន័យ ចំពោះយានយន្ដកែច្នៃ សម្រាប់ដឹកកសិផលរបស់ប្រជាពលរដ្ឋនោះឡើយ។
នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរង, ស្នងការរាជធានី-ខេត្ត, ស្នងការរងទទួលការងារចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញការបំពាក់ផ្លាកលេខលើយានយន្ដកែច្នៃ ព្រោះនៅពេលនេះយានយន្ដកែច្នៃ មិនទាន់មានបំពាក់ផ្លាកលេខត្រឹមត្រូវនោះទេ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការបានបញ្ជាក់ហើយថា យើងមិនទាន់អនុវត្តរឹតបន្ដឹងទៅលើពួកគាត់ទេ យើងទុកពេលឲ្យក្រសួងសាធារណការ បន្ដការសិក្សា និងពិនិត្យលើការធ្វើផ្លាកលេខជូនពួកគាត់សិន។ ដូច្នេះយើងអនុគ្រោះប្រភេទ យានយន្ដកែច្នៃដឹកកសិផល របស់ប្រជាពលរដ្ឋ»។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០មក អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវយុទ្ធនាការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ របស់រាជរដ្ឋាភិបាល សម្ដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ។