(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ជាថ្មីម្ដងទៀត បានបន្ដលើកទឹកចិត្តដល់អ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត គួរពន្យារពេលបន្ដិច ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19 ទាំងអស់គ្នា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺ COVID-19» លោកស្រី ឱ វណ្ណឌីន បានអះអាងថា បើទោះបីរយៈពេលជិត១ខែកន្លងទៅនេះ កម្ពុជារកមិនឃើញមានអ្នកឆ្លងជំងឺ COVID-19 ថ្មីក៏ពិតមែន ប៉ុន្ដែយើងមិនគួរបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសនោះទេ ហើយត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនជានិច្ច។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ការរៀបអាពាហ៍ពិពាហ៍ ឬការធ្វើពិធីផ្សេងៗនេះ គឺក្រសួងសុខាភិបាល នៅតែអំពាវនាវហើយ អំពាវនាវទៀត ប្រសិនបើយើងផ្អាកបាន យើងអាចពន្យារពេលបានវាជាការល្អ ដោយសារយើងបានលឺហើយ អង្គការសុខភាពពិភពលោកទើបតែលើកឡើង ព្រះរាជាណាចក្រកម្ពុជា នៅតែមានហានិភ័យនៅឡើយទេ យើងមិនទាន់រួចចាកផុតពីការវាយលុក នៃវីរុស COVID-19 នៅឡើយទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ទៀតថា ថ្វីត្បិតតែរលកទី១ នៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា គ្រប់គ្រងបានល្អប្រសើរក៏ពិតមែន ប៉ុន្ដែមិនមែនមានន័យថា វីរុស COVID-19 បានចាកចេញពីប្រទេសកម្ពុជាហើយនោះទេ។ អ្វីដែលសំខាន់ទៀតនោះ ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលមួយ ដែលត្រូវប្រុងប្រយ័ត្នខ្ពស់ អាចក្រែងកើតមាននូវរលកទី២។
សូមជម្រាបថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែតស្តីពីការបច្ចុប្បន្នភាពជំងឺកូវីដ១៩៕