(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួង ទៅកាន់អតីតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្តូរទីតាំងពីកាច់ជ្រុងផ្លូវលេខ១៦៩ និងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីដីឡូត៍លេខ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (អតីតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ»។
សូមជម្រាបថា ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្មី កំពុងត្រូវបានពន្លឿនការសាងសង់ យ៉ាងមមាញឹកដើម្បីឲ្យរួចរាល់តាមពេលកំណត់ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាប់ហ្គ្រេនភ្នំពេញ)។ បន្ទាប់ពីសាងសង់រួចក្រសួងនេះ ត្រូវផ្លាស់ប្តូរទៅទីតាំងថ្មី ហើយទីតាំងទីស្តីការក្រសួងរៀបចំដែនដីចាស់ ត្រូវប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទវិញ៕