(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ចំនួន ១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាកថា ក្នុងចំណោមអ្នកជំងឺដែលឆ្លងកូវីដ១៩ទាំង១០៥នាក់ រួមមាន៖ ជនជាតិខ្មែរ៣៥នាក់, ជនជាតិចិន៥០នាក់, ជនជាតិវៀតណាម ១១នាក់, ជនជាតិថៃ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ចំណែកទីតាំងដែលបានរកឃើញរួមមាន៖ រាជធានីភ្នំពេញ ២៩នាក់, ខេត្តកណ្ដាល ៦៤នាក់, ខេត្តព្រះសីហនុ ៨នាក់, ខេត្តកោះកុង ៣នាក់ និងខេត្តព្រៃវែងម្នាក់។
ចំណែកអ្នកជាសះស្បើយទាំង៨៨នាក់ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍ ២០កុម្ភៈ» ដែលរួមមានជនជាតិចិន ៦៤នាក់ ជនជាតិខ្មែរ ៩នាក់ ជនជាតិវៀតណាម ១៣នាក់ ជនជាតិសិង្ហបុរីម្នាក់ និងជនជាតិកូរ៉េម្នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕