(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។
ការចេញបំរាមរបស់រដ្ឋបាលខេត្តកំពត បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តកពត។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ដែលទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងការជួបជុំតាមបែបសាសនាននា ត្រូវផ្អាកជាបណ្ដោះអាសន្នសិន ចាប់ពីពេលជូនដំណឹងនេះតទៅ៕