(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខណ្ឌទាំង៣ ចុះបិទអាជីវកម្មភោជនីយដ្ឋាន៣កន្លែងផ្សេងគ្នា ដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអនាធិបតេយ្យ និងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងភោជនីយដ្ឋានលួចលាក់ បើកខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាល ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។
ប្រតិបត្តិការនេះបានធ្វើឡើងយប់ថ្ងៃទី១០ ខែមីនានេះ នៅចំណុចភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ តាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងមួយកន្លែងទៀត ជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០នាក់ ក្នុងនោះមេការ ៣នាក់ បុរសជនជាតិចិនម្នាក់ និងនារីបម្រើខារ៉ាអូខេជាង ១០នាក់ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេ នៅក្នុងទីតាំងភោជនីយដ្ឋានខាងលើ ដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
បន្ទាប់ពីបិទទីតាំងខាងលើ និងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការដ្ឋាអាវុធហត្ថរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបន្តចុះបិទបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
នៅយប់ថ្ងៃដដែលនោះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចុះបិទភោជនីយដ្ឋានឈ្មោះ «អាត់ជួង» ស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងវិធានការការពារជំងឺកូវីដ១៩។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌ៧មករា និងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២នេះជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈនេះ៕