(ប៉េកាំង)៖ នៅអាទិត្យ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបើកធ្វើសន្និសីទកាសែត។ ពេលថ្លែងអំពីការទូតរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២១ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ប្រទេសចិនដែលឱ្យតម្លៃលើមិត្តភាពនិងសច្ចធម៌ ហើយមានជំហររឹងមាំ អនុវត្តតាមគោលការណ៍ និងហ៊ានទទួលខុសត្រូវ ប្រាកដជានឹងផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹម កាន់តែច្រើនដល់ពិភពលោក ក៏ដូចជាបំពេញបន្ថែមនូវទំនុកចិត្ត និងកម្លាំងកាន់តែច្រើន ក្នុងការអភិវឌ្ឍរបស់បណ្តាប្រទេសនានាផងដែរ។
លោក វ៉ាង យី បានបន្តថា ប្រទេសចិននឹងអភិវឌ្ឍយ៉ាងសកម្មនូវ ទំនាក់ទំនងជាមេត្រីភាព ជាមួយបណ្តាប្រទេសទាំងឡាយ ដើម្បីបង្កើនការយល់ដឹងពីគ្នា ជាមួយពិភពលោកដោយឥតឈប់ឈរ។ ប្រទេសចិននឹងផ្តោតសំខាន់លើ យុគសម័យថ្មីបន្ទាប់ពី ការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងកសាងសហគមន៍រួមវាសនាសុខាភិបាល និងសុខភាពរបស់មនុស្សជាតិថែមទៀតផង។
ក្រៅពីនេះ ចិនក៏នឹងជំរុញការកសាង «ខ្សែក្រវាត់និងផ្លូវ» ដែលប្រកបដោយគុណភាពខ្ពស់ ហើយជំរុញសេដ្ឋកិច្ចពិភពលោកឱ្យស្តារឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលនៃអាកាសធាតុជាដើម និងជំរុញយ៉ាងសកម្មនូវកិច្ចកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងប្រកៀកស្មាជាមួយបណ្តាប្រទេសនានា ក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕