(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ នេះជាការសម្រេចរបស់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្រៅពីការអនុម័តលើកយករបៀបវារៈសម្រាប់សម័យប្រជុំជាវិសាមញ្ញាហើយនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញចំនួនបីរូប រួមមាន លោក ថោង វរលក្ខណ៍ លោក ម៉ា ឈឿន និងលោក អ៉ី សំអុល។
សូមជម្រាបថា រាជរដ្ឋាភិបាលរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើង នាពេលនេះ ស្របពេលបរិការណ៍ ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន ៦ជំពូក និង១៨មាត្រា ដែលនឹងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
សេចក្តីព្រាងច្បាប់នេះ សំដៅការពារឲ្យជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទំាងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា៕