(ហ្សឺណែវ)៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ខ្លួននឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៣៧លានដូសដល់ប្រទេសចំនួន ១៤២ នៅត្រឹមចុងខែឧសភាខាងមុខ ខណៈកម្មវិធីមួយនេះកំពុងបង្កើនការផ្គត់ផ្គង់ កម្មវិធីចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ COVAX បានបញ្ជាក់ទៀតថា ការផ្ដល់វ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងវិទ្យាស្ថានស៊ែរឹម (Serum) របស់ប្រទេសឥណ្ឌា នឹងត្រូវធ្វើឡើងដោយចែកចេញជាពីរដំណាក់កាល និងមានរយៈពេល ០២ខែដាច់ដោយឡែកពីគ្នា។ ការផ្ដល់វ៉ាក់សាំងលើកទី ១ នឹងត្រូវធ្វើឡើងចាប់ពីខែកុម្ភៈដល់ខែមីនា និងលើកទី ២ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា COVAX គឺជាគំនិតផ្ដួចផ្ដើមមួយរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលមានគោលបំណងធានានូវការទទួលបាន វ៉ាក់សាំងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ កម្មវិធីនេះផ្ដោតជាសំខាន់លើបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម ហើយហ្គាណាបានក្លាយជាប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំង COVID-19 ពីកម្មវិធី COVAX ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងនេះផងដែរ៕