មីយ៉ាន់ម៉ា៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅសហភាពមីយ៉ាន់ម៉ា បានជួបជុំគ្នានៅខាងក្រៅស្ថានទូតឥណ្ឌូនេស៊ី ក្នុងទីក្រុងយ៉ាងហ្គោនរយៈពេល ២ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធ។ ក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាងហ្គោន បានបន្តប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូត បន្ទាប់ពីមានការលើកឡើងថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi គ្រោងនឹងធ្វើទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា។
លោកស្រី Marsudi បានពិភាក្សាជាមួយសមភាគីរបស់លោកស្រី នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ប្រទេស ហើយរបាយការណ៍ព័ត៌មានមួយបាននិយាយថា ទីក្រុងហ្សាកាតាកំពុងស្នើសុំពួកគេផ្តល់នូវការគាំទ្រ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ផែនការ របស់របបយោធាមីយ៉ាន់ម៉ាសម្រាប់ការបោះឆ្នោតថ្មីនៅឆ្នាំក្រោយ។ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបដិសេធរបាយការណ៍នោះ៕