(ភ្នំពេញ)៖ បើទោះបីថាពេលនេះកំពុងមានទុក្ខ និងមមាញឹកជាមួយពិធីបុណ្យសពមាតាក្មេកយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនភ្លេចនោះឡើយចំពោះសុខភាពប្រជាពលរដ្ឋក្នុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈ Facebook បានក្រើនរំលឹកប្រជាពលរដ្ឋខ្មែរឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសមិនត្រូវធ្វេសប្រហែសចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយ៉ាងដូច្នេះ «ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់»។
សម្តេចតេជោ បានបន្ថែមថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោក កំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។
សម្តេចតេជោ បានរំលឹកប្រជាពលរដ្ឋទាំងអ្នកនៅរាជធានី និងនៅតាមបណ្តាខេត្ត បន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជែលសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជានៅសល់អ្នកកើតជំងឺកូវីដ១៩តែពីរនាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលជំងឺ ខណៈអ្នកជំងឺ១២០នាក់ បានព្យាបាលឱ្យជាសះស្បើយ។ រយៈពេលជាង ៣សប្តាហ៍ហើយ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ។
បើទោះបីកម្ពុជាមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែនៅលើពិភពលោកការរីករាលដាលជំងឺនេះមិនទាន់ស្រកស្រុតនៅឡើយនោះទេ នៅតែមានសភាពស្រួចស្រាវដដែល។
មន្ត្រីជំនាញក្រសួងសុខាភិបាល បានព្រមានថា ជំងឺកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយនោះទេ ពោលអាចឆ្លងបានគ្រប់ពេលវេលា។ មន្ត្រីជំនាញ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយបន្តអនុវត្តន៍តាមវិធានទាំងឡាយដែលក្រសួងសុខាភិបាលបានណែនាំ៕