បាល់ទាត់៖ ក្លិបណាហ្គាវើលដ៏បានបង្ហាញកីឡាករបរទេសចំណូលថ្មីម្នាក់ទៀតហើយ គឺខ្សែប្រយុទ្ធមកពីសាធារណរដ្ឋម៉ុលដាវី Leuca Petru ដែលជាកីឡាករបរទេសទី៤ សម្រាប់ណាហ្គាវើលដ៏ត្រៀមរដូវកាលថ្មីខាងមុខ។Leuca Petru គឺជាអតីតខ្សែប្រយុទ្ធជម្រើសជាតិម៉ុលដាវី ហើយព្រមទាំងធ្លាប់លេងឲ្យក្លិបជាច្រើននៅទឹកដីកំណើត មុនធ្វើដំណើរមកប្រកបអាជីពលើដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយចូលរួមជាមួយក្លិបណាហ្គាវើលដ៏ ដែលជាសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា។
ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះបានក្លាយជាកីឡាករបរទេសទី៤ របស់ក្រុមលោក មាស ចាន់ណា បន្ទាប់ពីអតីតខ្សែការពារក្លិប Ceres-Negros, កីឡាករ Manuel Herrera Lopez និងអតីតសមាជិកក្លិបសូលទីឡូអង្គរ Fumiya Kogure ដែលក្លិបបាននាំចូលកាលពីថ្មីៗ និងម្នាក់ទៀតគឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marcio ដែលទទួលបានកុងត្រាថ្មីពីក្លិប។ ណាហ្គាវើលដ៏ ត្រូវបានគេមើលឃើញជាក្រុមមួយ ដែលមានការនាំចូលកីឡាករគួរឲ្យកត់សម្គាល់ ទាំងកីឡាករក្នុងស្រុក និងក្រៅស្រុកដើម្បីត្រៀមរដូវកាលថ្មី ពិសេសការនាំចូលកីឡាករបរទេស ត្រូវបានអ្នកគាំទ្រចាត់ទុកជាក្លិបទី៤ ដែលបាននាំចូលកីឡាករពីឆាកអន្ដរជាតិច្រើន បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង វិសាខា និងក្លិបអង្គរថាយហ្គឺរ។ គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២១ នឹងបើកការប្រកួតរដូវកាលថ្មីនាថ្ងៃទី០៦–០៧ ខែមីនាខាងមុខ ស្របពេលក្រុមណាហ្គាវើលដ៏នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ីមុនគេ នៅកីឡដ្ឋាន Cambodia Airway នាថ្ងៃទី០៧-មីនា៕