(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថា លីគកំពូលកម្ពុជា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់យុវជនផ្សេងៗ នឹងត្រូវបន្ដការប្រកួតវិញ ដរាបណាមានការបើកភ្លើងខៀវពីក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបើកឲ្យមានការជួបជុំជាចំហរឡើងវិញ។
ការថ្លែងរបស់អគ្គលេខាធិការ FFC ខាងលើ គឺក្រោយសហព័ន្ធបានផ្ដល់គណៈកម្មការប្រតិបត្តិធ្វើការពិគ្រោះ និងពិភាក្សាគ្នាកាលពីពេលថ្មីៗ។ លោកថា ទោះបីជាសំណួរពិបាកឆ្លើយសម្រាប់គណៈកម្មការប្រតិបត្តិ តែកិច្ចប្រជុំបានឯកភាពជាឯកច្ឆ័ន្ទ ជុំវិញការបើកការប្រកួតពានរង្វាន់ផ្សេងៗ គឺរង់ចាំការបើកឲ្យមានការជួបជុំជាចំហរវិញនៅពេលណា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ (Covid-19) មានសភាពធូរស្រាលច្រើនដូចបច្ចប្បន្ន។
លោកថា «យើងត្រូវមានត្រីវិស័យ ការចង្អុលបង្ហាញពីក្រសួងសុខាភិបាល ក៏ជាតំណាង រាជឲ្យរដ្ឋាភិបាលដែរ ហើយជាពិសេសកីឡាយើងហ្នឹង ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យើងក៏រង់ចាំពិនិត្យស្ថានភាពរបស់ក្រសួងអប់រំដែរ តើសិស្សានុសិស្ស ត្រឡប់មកចូលរៀននៅពេលណា តើការធ្វើដំណើរជាទូទៅចំហរពេលណា ការជួបជុំគ្នាច្រើនចំហរពេលណា ពេលនោះទើបលីគក៏ដោយ ពានសម្តេចតេជោ ហ៊ុន សែន ក៏ដោយ ពានយុវជនគ្រប់បែបគ្រប់យ៉ាងចាប់ផ្ដើមឡើងវិញ»។
«យើងមិនមែនប្រងើយកន្តើយ គិតតែខ្លួនឯង នៅតែក្នុងប្រទេសនោះទេ គឺយើងកំពុងតាមដានស្ថានការណ៍ជុំវិញដែរ ដូចជានៅសិង្ហបុរី នៅថៃ នៅវៀតណាម ឬក៏នៅប្រទេសណាដែលនៅអាស៊ានដូចគ្នា ថាតើគេចាប់ផ្ដើមពេលណាដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កែវ សារ៉េត។
គួរដឹងថា លីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ព្រមទាំងលីគយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ត្រូវបានផ្អាកការប្រកួតព្រមៗគ្នា កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះលីគកំពូលកម្ពុជា បានដំណើរការប្រកួត ៥សប្ដាហ៍ មុនសម្រាក ដោយក្លិបភ្នំពេញក្រោន ឈរកំពូលតារាងមាន ១៣ពិន្ទុស្មើក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដូចគ្នា៕