(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារអាមេរិកលោកស្រី ចេណេត យែលឡេន (Janet Yellen) បានប្រាប់ទូរទស្សន៍ CNBC ថា សហរដ្ឋអាមេរិកនឹងបន្តរក្សាពន្ធលើទំនិញចិន ដែលត្រូវបានដាក់ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ នោះដដែល ប៉ុន្តែអាមេរិកនឹងធ្វើការវាយប្រហារតម្លៃ ទៅលើបែបបទនៃដំណើរការនេះ យ៉ាងហ្មត់ចត់។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី Yellen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ពេលឥឡូវនេះ យើងបានរក្សាឲ្យនៅដដែល ចំពោះអ្វីដែលបានដាក់ដោយអតីតរដ្ឋបាល ត្រាំ… ហើយយើងនឹងវាយតម្លៃចំពោះអ្វី ដែលនឹងត្រូវធ្វើទៅមុខទៀត បើយើងគិតថាសមរម្យ។ យើងសង្ឃឹមថាទីក្រុងប៉េកាំង នឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន លើផ្នែកពាណិជ្ជកម្មនេះ»។ នៅពេលត្រូវបានសាកសួរថា តើការដំឡើងពន្ធនោះមានប្រសិទ្ធភាពដែរឬទេ លោកស្រី Yellen បានឆ្លើយតបយ៉ាងខ្លីថា «យើងនឹងពិនិត្យមើលរឿងនេះ»។
សេតវិមានលោក ចូ បៃដិន កាលពីខែមករាកន្លងទៅនេះ បានប្រកាសថា ខ្លួននឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះរាល់ដំណោះស្រាយផ្នែកសន្តិសុខ ដែលត្រូវបានដាក់ដោយអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងដំណាក់កាលដំបូងជាមួយប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឲ្យសង្គ្រាមដំឡើងពន្ធ រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ថមថយកម្តៅវិញ បន្ទាប់ពីបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ភាគទាំងសងខាង។ ទោះជាបែបនេះក្តី ភាគច្រើននៃពន្ធដែលត្រូវបានដំឡើង នៅតែបន្តអនុវត្តនៅឡើយ សម្រាប់ប្រទេសទាំងពីរ។
នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ (phase one) ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០ ប្រទេសចិនបានសន្យាទិញទំនិញ និងសេវាបន្ថែមពីអាមេរិករហូតដល់ ២០០ពាន់លានដុល្លារ សម្រាប់រយៈពេលពីរឆ្នាំ ប៉ុន្តែបើតាមរបាយការណ៍ពី រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ចិនមិនបានអនុវត្តតាមកិច្ចព្រមព្រៀង ឲ្យបានពេញលេញឡើយកាលពីឆ្នាំ២០២០៕