ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់នគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវគោរពនូវិជ្ជាជីវៈរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ខណៈការដកតួនាទី និងបញ្ចប់អធិការស្រុកកំរៀងម្នាក់ចេញពីក្របខណ្ឌនគរបាល គឺដោយសារតែអតីតអធិការនគរបាល រូបនេះធ្វើអ្វីមិនគោរពឋានានុក្រម វិជ្ជាជីវៈ និងធ្វើអីស្រេចតែចិត្តខ្លួនឯងជាដើមនោះ។
ថ្លែងនៅក្នុងពិធី អញ្ជើញជាអធិបតីប្រគល់រថយន្តចំនួន៥០គ្រឿងជូដល់នស្នងការនគរបាលខេត្តចំនួន១៩ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ករណីអធិការស្រុកកំរៀងមួយ គឺជាបទពិសោធន៍របស់នគរបាលទាំងអស់ កុំធ្វើអ្វីមិនបានសម្រេចពីថ្នាក់លើ ហើយការគោរពនូវវិជ្ជាជីវៈរបស់ខ្លួនគឺជាការចាំបាច់បំផុត ខណៈការកែទម្រង់ក្នុងជូរកង កម្លាំងនគរបាលនៅតែបន្ត ដើម្បីឲ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនោះ។
សម្តេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា ការកែទម្រង់ នគរបាលមិនចប់មិនហើយនោះទេ ហើយគ្រប់នគរបាលទាំងអស់ត្រូវមានការទទួលខុសត្រូវលើវិជ្ជាជីវៈរបស់ខ្លួន ស្មោះត្រង់នឹងការងារ ហើយការផ្តល់សេវាសាធារណៈត្រូវតែផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវដោះស្រាយឲ្យបានទូលំទូលាយ កុំឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋបន្តទៀតនោះ។
នៅក្នុងកម្មវិធីនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ស្នងការ និងអធិការនគរបាលទាំងអស់ ដែលទទួលបានរថយន្តនាពេលនេះ គឺត្រូវចេះថែរក្សា និងជួសជុលឲ្យបានល្អ និងត្រូវយកទៅបំរើផលប្រយោជន៍សាធារណៈ ដោយមិនត្រូវយកសម្បត្តិរដ្ឋនេះទៅប្រើប្រាស់ជាឯកជនផ្ទាល់ខ្លួននោះឡើយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គឺមានរថយន្តចំនួន១៤៥គ្រឿងហើយ ដែលសម្តេចក្រឡាហោម ស ខេង បានប្រគល់ជូនដល់ស្នងការ អធិការស្រុក-ក្រុង វរៈព្រំដែន និងនាយកដ្ឋាននានានៅទូទាំងប្រទេស ខណៈក្រសួងមហាផ្ទៃកំពុងកម្មង់ទិញចំនួន៨៧គ្រឿងទៀត នឹងត្រូវបំពាក់ឲ្យបានគ្រប់អធិការស្រុកទាំងអស់នៅទួទាំងប្រទេសនោះ៕