បាល់ទាត់៖ Barcelona បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Real Betis ៣–២ ក្នុងសប្តាហ៍ទី២១ ក្របខណ្ឌអេស្ប៉ាញ La Liga បន្តឈរលេខ២ ក្នុងតារាង។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុនដោយ Borja Iglesias នៅនាទីទី៣៨។
នៅវគ្គទី២ Lionel Messi ដែលក៏ត្រូវបានផ្លាស់ប្តូរចូល និងលេងបានតែ ៣នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធអាហ្សង់ទីន រូបនេះ ក៏រកបានគ្រាប់តាមស្មើនៅនាទីទី៥៩។ ឈានដល់នាទីទី៦៨ Victor Ruiz ភ្លាត់ចូលទីខ្លួនឯងធ្វើឲ្យ Barcelona នាំមុខលើកដំបូង តែម្ចាស់ផ្ទះ Betis តាមស្មើវិញនៅនាទីទី៧៥ ដោយ Victor Ruiz។ Machado Trincao គឺជាអ្នកសំរេចគ្រាប់ ៣ពិន្ទុឲ្យ Barcelona ក្នុងប្រកួតនេះនៅនាទីទី៨៧។ ជ័យជំនះនេះធ្វើឲ្យ Barcelona បន្តឈរលេខ២ ក្នុងតារាងមាន ៤៣ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Atletico Madrid ៧ពិន្ទុ តែក្រុមរបស់លោក Diego Simeone នៅសល់ ២ប្រកួតដៃ។ ចំណែក Real Madrid បន្តឈរលេខ៣ ស្មើពិន្ទុជាមួយ Barcelona ខណៈ Sevilla ឈរលេខ៤៕