មីយ៉ាន់ម៉ា៖ សមាជិកសភាមីយ៉ាន់ម៉ាប្រហែល ៧០នាក់បានផ្គើននឹងរដ្ឋាភិបាលយោធាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយកោះប្រជុំសភាជានិមិត្តរូបដែលត្រូវបានរារាំងមិនឲ្យបើក នៅពេលដែលឧត្តមសេនីយ៍បានធ្វើរដ្ឋប្រហារកាលពីថ្ងៃច័ន្ទ។ សមាជិកសភាបានធ្វើពិធីស្បថចូលកាន់តំណែង នៅឯបរិវេណផ្ទះសំណាក់រដ្ឋាភិបាលក្នុងរដ្ឋធានីណៃពិដោ ជាទីដែលពួកគេប្រហែល ៤០០នាក់ត្រូវបានឃុំខ្លួនដំបូង បន្ទាប់ពីយោធាដណ្ដើមកាន់កាប់អំណាច។
ស្របពេលដែលសមាជិកសភាជាច្រើន បានចាកចេញពីបរិវេណនោះ ពួកគេបានបង្ហាញកំហឹង និងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការតតាំងនឹងយោធា។ លោកស្រី Khin SoeSoe Kyi សមាជិកសភាជាប់ឆ្នោត ចេញពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi បាននិយាយថា “នេះជាការរំលោភសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋទាំងមូល”។ យោធាបានបិទបណ្ដាញសង្គម Facebook ចាប់ពីយប់ថ្ងៃពុធ ដើម្បីឆ្លើយតបនឹងការកើនឡើងការបះបោរស៊ីវិល ប្រឆាំងនឹងការក្ដោបក្ដាប់អំណាចរបស់ពួកគេ។ បុគ្គលិកសុខាភិបាលបានប្រកាសថា ពួកគេនឹងមិនធ្វើការឲ្យរដ្ឋាភិបាលយោធានោះទេ ខណៈដែលអ្នករស់នៅក្នុងទីក្រុងយ៉ាងហ្គោនបានធ្វើបាតុកម្ម ដោយបង្កើតសំឡេងរំខានដោយវាយចានឆ្នាំង និងចុចស៊ីផ្លេរថយន្តទាំងយប់៕