បាល់ទាត់៖ ក្រុមអាស៊ីអឺរ៉ុបបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា (EDC) ដោយលទ្ធផល ៣–២ ក្នុងជំនួបបើកឆាកពានរង្វាន់ Cambodia Airway Cup 2021 កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈម្សិលមិញ ខណៈក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមទាំង២ បានបង្ហាញពីចំណុចខ្សោយរបស់កូនក្រុមរៀងៗខ្លួន ដែលត្រូវធ្វើការពង្រឹងបន្ថែម មុនរដូវកាលថ្មីមកដល់។
ការប្រកួតបើកឆាកពានមិត្តភាពនេះ កីឡាករ Gbenga Samuel បានស៊ុតគ្រាប់នាំមុខឲ្យក្រុមអាស៊ីអឺរ៉ុប ១គ្រាប់មុននៅនាទី២៤ មុនកីឡាករ សា ទី និង ចន្ថា ចាន់ទាកា រកបានម្នាក់ ១គ្រាប់ជួយឲ្យក្រុមអគ្គិសនីកម្ពុជា វាយបកនាំមុខវិញនៅនាទី៣០ និងនាទី៣៤ តែគួរឲ្យស្ដាយកីឡាករ ចិន វណ្ណៈ ភ្លាត់ទាត់ចូលទីខ្លួនឯង ១គ្រាប់ ធ្វើឲ្យអាស៊ីអឺរ៉ុបតាមស្មើ ២–២ មុនបញ្ចប់វគ្គទី១។ ចូលវគ្គទី២ ការប្រកួតបានអូសបន្លាយដល់នាទី៩០+១ ទើបអតីតសមាជិកក្លិបបឹងកេត Gbenga Samuel បន្ថែមគ្រាប់ទី៣ ឲ្យក្រុមអាស៊ីអឺរ៉ុបទទួលបានជ័យជម្នះតែម្ដង។ ក្រោយចប់ការប្រកួតលោក មាស សំអឿន គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជាបានលើកឡើងថា ការប្រកួតនេះកូនក្រុមធ្វើបានល្អច្រើន គ្រាន់តែនៅមានបញ្ហាតំបន់ការពារ ដែលបង្កសំណាងឲ្យក្រុមអាស៊ីអឺរ៉ុប មានឱកាសរកបានគ្រាប់បាល់ ៣គ្រាប់។ ដោយហេតុនេះ លោកនឹងពង្រឹងតំបន់ការពារឡើងវិញដើម្បីត្រៀម ២ប្រកួតនៅសល់ ពិសេសត្រៀមការប្រកួតបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជានាដើមខែមីនាខាងមុខ។
ដោយឡែកលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបបានបញ្ជាក់ថា ទោះបីក្រុមទទួលបានជ័យជម្នះ តែពួកគេពុំបានធ្វើល្អតាមផែនការនោះទេ ពិសេសក្រោយចាប់ផ្ដើមប្រកួតបាន ២០នាទី កីឡាករថ្មីៗមួយចំនួន បានបាត់បង់ម្ចាស់ការលើខ្លួនឯង។ តែយ៉ាងណាលោកពេញចិត្តចំពោះការប្រកួតនេះ ដែលជាឱកាសឲ្យកីឡាករវ័យក្មេង និងថ្មីៗបានបង្ហាញខ្លួន។ ប៉ុន្ដែ ២ប្រកួតនៅសល់ លោកអាចនឹងប្រើប្រាស់កីឡាករជម្រើស ១១នាក់ច្រើនដ្បិតត្រូវជួបនគរបាលជាតិ និងបឹងកេតដែលជាក្រុមខ្លាំង។ គួរបញ្ជាក់ថា ពានរង្វាន់លក្ខណៈ Pre-Season ដែលរៀបចំដោយក្លិបបឹងកេតនេះគ្រោងធ្វើឡើងរយៈពេល ៨ថ្ងៃដោយមាន ៤ក្លិបចូលរួម ខណៈប្រកួតបើកឆាកដំបូង ម្ចាស់ផ្ទះបឹងកេតបានចាញ់នគរបាលជាតិ ២–១។ រីឯប្រកួតបន្ទាប់ អាស៊ីអឺរ៉ុបត្រូវជួបក្លិបនគរបាលជាតិនាថ្ងៃទី០៥-កុម្ភៈ ស្របពេលថ្ងៃបន្ទាប់អគ្គិសនីកម្ពុជាត្រូវជួបបឹងកេតនៅថ្ងៃទី៦-កុម្ភៈ។ ចំណែកប្រកួតចុងក្រោយ គឺនគរបាលជាតិត្រូវជួបអគ្គិសនីកម្ពុជានៅថ្ងៃទី០៨-កុម្ភៈ និងក្រុមបឹងកេតជួបអាស៊ីអឺរ៉ុបនាថ្ងៃទី៩-កុម្ភៈខាងមុខ នៅកីឡដ្ឋាន Cambodia Airway៕