ភ្នំពេញ ៖ កម្ពុជាអាចផលិតប្រេងឆៅ ចេញពីប្លុក អេ ក្នុងរង្វង់ ៧ ០០០ បារ៉ែល ទៅ៧ ៥០០ បារ៉ែល ក្នុងមួយថ្ងៃ នៅពេលការបូមប្រេងឆៅ ចេញពីអណ្តូងប្រេងចំនួន៥ដំណើរការ ខណៈបច្ចុប្បន្នអណ្តូងប្រេងចំនួនពីរ បានកំពុងដំណើរការបូម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការបូមប្រេងឆៅ ចេញពីអណ្តូងប្រេងចំនួនពីរ មានបរិមាណសរុប ៤០ ៧៨៨ បារ៉ែល គិតចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ អណ្តូងទីមួយ ឈ្មោះ AO1D ចាប់ផ្តើមដំណើរការបូមប្រេង បានរយៈពេល៣៣ថ្ងៃហើយ គិតត្រឹម ថ្ងៃទី១ ខែកុម្ភៈ ដោយអាចបូមប្រេងបាន ១ ២៣៦ បារ៉ែល ក្នុងមួយថ្ងៃ។
ចំណែកអណ្តូងប្រេងទីពីរ ឈ្មោះ A04D បានចាប់ផ្តើមដំណើរការបូមប្រេងឆៅ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន ក្រុមហ៊ុនទទួលបានសម្បទាន កំពុងតែញែកភក់ និងប្រេង។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការបូមប្រេងឆៅចេញពីអណ្តូងប្រេងចំនួនពីរនេះ មានបរិមាណសរុប ៤១ ០៥៦បារ៉ែល។ ការបូមប្រេងឆៅ នៅអណ្តូងទី៣ ទី៤ និងទី៥ នឹងត្រូវដំណើរការបូមក្នុងឆ្នាំ២០២១នេះ។ តាមការប៉ាន់ស្មាន ការបូមប្រេងឆៅ ចេញពីអណ្តូងទាំង៥នេះ នឹងអាចបូមប្រេងឆៅ ក្នុងបរិមាណ ៧ ០០០ បារ៉ែល ទៅ៧ ៥០០ បារ៉ែល ក្នុងមួយថ្ងៃ។
ទន្ទឹមសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលបានពីបូមប្រេងឆៅ នៅមានទំហំតូចណាស់ បើធៀបនឹងចំណូលពន្ធគយ។ ចំណូលប្រេងឆៅនេះ នៅមិនទាន់ឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅឡើយទេ។ គួរបញ្ជាក់ថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ៥៥ដុល្លារ ក្នុងមួយបារ៉ែល៕