(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ាក៏ប្រកាសដែរថា លោកអនុប្រធានាធិបតី យូ ម្យីនត៍ ស្វេ (U Myint Swe) ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន។ ការតែងតាំងលោក U Myint Swe ត្រូវបានគេមើលឃើញថា គ្រាន់តែជាការបង្រ្គប់កិច្ច និងធ្វើឱ្យល្អមើលតាមរដ្ឋធម្មនុញ្ញដែលចែងថា ប្រធានាធិបតីស៊ីវិល ទើបមានសិទ្ធិប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែតាមការពិតអំណាចគ្រប់យ៉ាង គឺស្ថិតនៅក្នុងដៃលោក Min Aung Hlaing រួចជាស្រេចទៅហើយ។
សម្រាប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំនេះ ធ្វើឡើងក្រោយអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ទីប្រឹក្សារដ្ឋលោកស្រី អោងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្ស NLD ត្រូវបានយោធាចាប់ និងឃុំខ្លួន។ បណ្ដាញទូរស័ព្ទ, អ៉ីនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានានៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗ ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈកងទ័ព និងរថក្រោះជាច្រើន ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋធានីណៃពិដោរ និងនៅតាមទីក្រុងធំៗ។
គួរបញ្ជាក់ថា សកម្មភាពយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេមើលឃើញថាជាទង្វើរដ្ឋប្រហារ បាននិងកំពុងកើតមានឡើង ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញលទ្ធផលថា គណបក្សលោកស្រីស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានជំរុញឱ្យយោធា ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ។ ទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ាបានចោទថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំជាមួយការព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប៕