អាមេរិក៖ នគរបាលនិយាយថា ក្រុមមនុស្សប្រហែល ១៥០នាក់បានដើរក្បួននៅតាមដងផ្លូវទីក្រុង Portland និងបានបំផ្លាញទីស្នាក់ការកណ្ដាល របស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Oregon កាលពីយប់ថ្ងៃពុធ។ ក្រុមនេះបានវាយបំបែកបង្អួច និងនិមិត្តរូបអ្នកអនាធិបតេយ្យនិយម ដែលបាញ់ថ្នាំនៅអគារគណបក្សនយោបាយ ហើយនគរបាលនិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៨នាក់។
នគរបាលនិយាយថា នេះជាក្រុមមួយក្នុងចំណោមមនុស្ស ៤ក្រុមដែលប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនេះ នៅថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ក្រុមអ្នកតវ៉ាក៏បានប្រមូលផ្ដុំគ្នា នៅខាងក្រៅច្រកទ្វារការិយាល័យអន្តោប្រវេសន៍ និងគយក្រុង Portland។ វីដេអូបានបង្ហាញ ខណៈដែលក្រុមមន្ត្រីសហព័ន្ធបានដាក់ពង្រាយ គ្រាប់រំសែវគ្រប់គ្រងហ្វូងមនុស្ស រួមទាំងឧស្ម័នបង្ហៀរទឹកភ្នែកដែលត្រូវបានបញ្ជាក់ ដោយស្ថានីយទូរទស្សន៍ក្នុងស្រុក KATU-TV ផងដែរ៕