ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ ផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវទាំង២ខ្សែដែលត្រូវបានប្រកាសឲ្យដំណើរការ នៅថ្ងៃទី២២ ខែមករានេះ រួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថីចោមចៅ និង២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឯកឧត្តម ឃួង ស្រេង ដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែនេះ ចាប់ពីពេលនេះតទៅ ដែលនេះនឹងជួយកាត់បន្ថយការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង»។
សូមជម្រាបថា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាយពេលសាងសង់ ៣០ខែ៕