ភ្នំពេញ ៖ ក្នុងជំនួបសំដែងការគួរសមរវាង លោក អាណាតូលី បូរ៉ូវីគ (Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ លោក អាណាតូលី បូរ៉ូវីគ បានមានប្រសាសន៍លើកឡើងថា ប្រទេសរុស្ស៊ីមានទំនាក់ទំនងការទូតជាមួយ និងព្រះរាជាណាចក្រកម្ពុជា មានរយៈពេល៦៥ឆ្នាំហើយ ដែលទំនាក់ទំនងនេះ បានធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនង កាន់តែល្អប្រសើរ រហូត មកដល់ពេលបច្ចុប្បន្ននេះ។
លោក អាណាតូលី បូរ៉ូវីគ បានបន្តទៀតថា ស្ថានភាពជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់បណ្ដាលប្រទេសជាច្រើន នៅលើពិភពលោកក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រទេសមួយដែលប្រឈមនឹងជំងឺកូវីដ១៩នេះផងដែរ ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យស្ថានភាពជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈល្អប្រសើរ ពិសេសគឺការគ្រប់គ្រងនូវព្រឹត្តិការណ៍២៨ វិច្ឆិកាបានយ៉ាងល្អ។
ឯកអគ្គរដ្ឋទូត បន្តទៀតថា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ប្រទេសរុស្ស៊ីបង្កើតបានវ៉ាក់សាំង (Sputnik V) ដើម្បីចាក់ការពារជំងឺនេះ ហើយវ៉ាក់សាំងនេះប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនមកឱ្យប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ដោយនឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះមកឱ្យកម្ពុជា ។
គួរបញ្ជាក់ថា វ៉ាក់សាំង រុស្ស៊ី Sputnik V បានដំណើរការចាក់ជូនពលរដ្ឋនៅប្រទេសរុស្ស៊ីរួចហើយ ក្នុងនោះ ប្រធានាធិបតីរុស្សី លោក ពូ ទីន ក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ ។ វ៉ាក់សាំង រុស្ស៊ី Sputnik V ត្រូវចាក់ពីរដូស មានប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុកក្នុងសីតុណ្ហភាពទូទឹកកកធម្មតាតម្លៃប្រហែល១០ ដុល្លារក្នុងមួយដូស ៕